Home ហោរាសាស្រ្តប្រចាំថ្ងៃ ជោគជតារាសីចំពោះ ថ្ងៃ​ សៅរ៍ ទី ០៦ ខែ មករា ឆ្នាំ ២០១៨

ជោគជតារាសីចំពោះ ថ្ងៃ​ សៅរ៍ ទី ០៦ ខែ មករា ឆ្នាំ ២០១៨

ឆ្នាំជូត៖ រាសី​ឡើង​ខ្ពស់​។ ការងារ​អ្វី​អាច​ប្រគល់​ឲ្យ​អ្នកផ្សេង​ធ្វើ​នោះ​គួ​ប្រគល់ កុំ​ឱបក្រសោប​តែម្នាក់ឯង ចុងក្រោយ​នាំ​ឲ្យ​នឿយហត់​ផង និង​ពុំ​ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់​ទៀតផង​។ ចំណូល​មាន​ស្ថិរភាព មិន​បារម្ភ​ពី​ការខ្វះខាត​។ មនោសញ្ចេតនា ផ្អែមល្ហែម កក់ក្តៅ​។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិសនិរតី​។ ពណ៌​នាំ​សំណាង ពណ៌​ផ្ទៃមេឃ​។ អ្នក​យកអាសា​ឆ្នាំខាល​៕​

ឆ្នាំឆ្លូវ៖ រាសី​ស្រុតចុះ​។ ការងារ​ស្ទាក់ស្ទើរ អល់អែក​ធ្វើ​ឲ្យ​អ្នក​បាត់បង់​ឱកាសល្អៗ​សម្រាប់​ខ្លួនឯង​។ ថ្ងៃនេះ​ត្រូវ​ចៀស​ឲ្យ​ឆ្ងាយ​ពី​ល្បែងស៊ីសង គ្រប់​ប្រភេទ ប្រយ័ត្ន​ស្តាយក្រោយ​យឺត​ពេល​។ មនោសញ្ចេតនា ងាយ​មានការ​យល់ច្រឡំ​នាំ​ឲ្យ​ឈ្លោះប្រកែក​គ្នា​។ ទិស​នាំ​លាភ​ទិសអាគ្នេយ៍ តំណម​ទិសពាយ័ព្យ​។ ពណ៌​នាំ​សំណាង ពណ៌​ខៀវ​, ខ្មៅ​។ អ្នក​យកអាសា​ឆ្នាំជូត​៕

ឆ្នាំខាល៖ រាសី​ស្រុតចុះ​។ ការងារ​ប្រព្រឹត្តទៅ​មិនបាន​ល្អ​ដូច​បំណង ជួប​ឧបសគ្គ​ខ្លះៗ កុំ​ទាន់​បាក់​ទឹកចិត្ត ត្រូវ​តស៊ូ​បន្តទៀត​។ ថ្ងៃនេះ​មានរឿង​ស៊យ​បាត់បង់​ចំណូល​ច្រើន​។ មនោសញ្ចេតនា ស្រឡាញ់គ្នា​ត្រូវ​ចេះ​ចែករំលែក​សុខទុក្ខ​ជាមួយគ្នា មិនត្រូវ​លាក់លៀម​នាំ​ឲ្យ​កើតមាន​មន្ទិលសង្ស័យ​។ ទិស​នាំ​លាភ​ទិស​ត្បូង តំណម​ទិសឦសាន​។ ពណ៌​នាំ​សំណាង ពណ៌​ក្រហម​។ អ្នក​យកអាសា​ឆ្នាំឆ្លូវ​៕

ឆ្នាំថោះ៖ រាសី​ស្រុតចុះ​។ ការងារ​ត្រូវ​ប្រឹងប្រែង​ដោះស្រាយ​ឲ្យ​ចប់​រួចរាល់ កុំ​ទុក​ឲ្យ​កកស្ទះ​ច្រើនពេក​នាំ​ឲ្យ​មានរឿង​ដល់​ខ្លួន​។ វិនិយោគ មិន​អំណោយផល​ល្អ​មិនត្រូវ​ជំនះ​។ មនោសញ្ចេតនា ត្រូវ​ចេះ​សង្កត់ចិត្ត​កុំ​ឆេវឆាវ នាំ​ឲ្យ​ប៉ះពាល់​ផ្លូវចិត្ត​ដៃគូ​។ ទិស​នាំ​លាភ​ទិសឦសាន តំណម​ទិសពាយ័ព្យ​។ ពណ៌​នាំ​សំណាង ពណ៌​លឿង​។ អ្នកយក​អាសា ឆ្នាំឆ្លូវ​៕

ឆ្នាំរោង៖ រាសី​ឡើង​ខ្ពស់​។ អាស្រ័យ​ដោយ​ការសហការ​បានល្អ​ជាមួយ​អ្នក​រួម​ការងារ ពង្រីក​ស្មារតី​សមូហភាព ហេតុនេះ​ការងារ​គ្រប់យ៉ាង​សុទ្ធតែ​សម្រេច​ជោគជ័យ​។ ចំណូល​មាន​ដូច​ធម្មតា ពុំ​លើស​មុន​។ មនោសញ្ចេតនា ត្រូវ​បន្ថែម​ភាព​រ៉ូ​មែន​ទិ​ក​ក្នុង​ទំនាក់ទំនង​ជាមួយ​គូស្នេហ៍ ទើប​អាច​រក្សារ​មនោសញ្ចេតនា​ឲ្យ​នៅ​ស្ថិតស្ថេរ​បាន​។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិស​ជើង​។ ពណ៌​នាំ​សំណាង​ពណ៌​ក្រហម​។ អ្នក​យកអាសា​ឆ្នាំមមី​៕

ឆ្នាំម្សាញ់៖ រាសី​ស្រុតចុះ​។ ការងារ​រក្សាបាន​ស្ថិរភាព ចង់​ឈានឡើង ត្រូវ​ប្រឹងប្រែង​ជាងនេះទៀត​។ ទោះបី​ពុំមាន​បន្ថែម​ប្រភព​ចំណូល​ពី​ក្រៅ តែ​ក៏​ពុំមាន​ការប្រែប្រួល​អ្វី​ឥទ្ធិពល​ដល់​ហិរញ្ញវត្ថុ​។ មនោសញ្ចេតនា អ្នក​ទាំង​២ ត្រូវមាន​ម្នាក់​ម្ចាស់ការ ក្លាហាន​បង្ហាញ​ទឹកចិត្ត​ទើប​មនោសញ្ចេតនា​រីកចម្រើន​ទៅមុខ​បាន​។ ទិស​នាំ​លាភ​ទិសខាងកើត តំណម​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំមមែ​៕

ឆ្នាំមមី៖ រាសី​ឡើង​ខ្ពស់​។ ការងា មានឱកាស​ចរចា ចុះកិច្ចសន្យា​ជាមួយ​ដៃគូ សក្តានុពល​ថ្មី ត្រូវ​ចេះ​ចាប់យក​កុំ​ឲ្យ​ខកខាន​។ ថ្ងៃនេះ​យីអ៊ុន​ឡើង ទ្រព្យ​ហូរ​ចូល​បន្តបន្ទាប់​។ មនោសញ្ចេតនា​រីកចម្រើន​ល្អប្រសើរ សុខដុមរមនា​នឹង​គ្នា​។ ទិស​នាំ​លាភ​ទិសឦសាន តំណម​ទិសពាយ័ព្យ​។ ពណ៌​នាំ​សំណាង​ពណ៌​លឿង​។ អ្នក​យកអាសា​ឆ្នាំឆ្លូវ​៕

ឆ្នាំមមែ៖ រាសី​ល្អ​មធ្យម​។ ការងារ​ទទួលបាន​ជោគជ័យ​ជា​ជំហានៗ ត្រូវ​ព្យាយាម​បន្តទៀត​អ្នកនឹង​ទទួលផល​ជាទី​គាប់ចិត្ត​។ ថ្ងៃនេះ​មិនត្រូវ​វិនិយោគ​ធំ ព្រោះ​ប្រឈម​ហានិភ័យ​ច្រើន​។ មនោសញ្ចេតនា ជា​ថ្ងៃ​ពោរពេញ​ដោយ​ភាព​រីករាយ និង​សុភមង្គល​។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិសខាងកើត​។ ពណ៌​នាំ​សំណាង​ពណ៌​ខ្មៅ​។ អ្នក​យកអាសា​ឆ្នាំជូត​៕

ឆ្នាំវក៖ រាសី​ស្រុតចុះ​។ ការងារ​មាន​សម្ពាធ​ផ្ទួនៗ ធ្វើ​ឲ្យ​អ្នក​នឿយណាយ ត្រូវ​នឹងនរ​ដោះស្រាយ​កុំ​ប្រញាប់​ចុះចាញ់​។ ព្យ​យាម​ជួបជុំ​មិត្តភក្តិ​អ្នកនឹង​មានឱកាស​បាន​លាភ​។ មនោសញ្ចេតនា ជួប​ការយល់ច្រឡំ​មិនត្រូវ​ស្ងៀមស្ងាត់ ត្រូវ​ជជែក​គ្នា​ឲ្យ​ច្បាស់លាស់​ដើម្បី​ដោះស្រាយ​វិបត្តិ​។ ទិស​នាំ​លាភ​ទិសឦសាន តំណម​ទិស​ខាងលិច​។ ពណ៌​នាំ​សំណាង ពណ៌​ខៀវ​។ អ្នក​យកអាសា​ឆ្នាំកុរ​៕

ឆ្នាំរកា៖ រាសី​ល្អ​មធ្យម​។ ការងារ​គ្រប់យ៉ាង​ទាល់តែ​អ្នក​ពុះពារ​ធ្វើ​ដោយ​ខ្លួនឯង ទើប​អាច​ដោះស្រាយបាន កុំ​ចំណុះ​លើ​អ្នកដទៃ​។ ចំណូល​ស្ថិរភាព អាច​នឹងនរ​ក្នុង​ចិត្តបាន​។ មនោសញ្ចេតនា ត្រូវ​លៃ​ពេលវេលា​នៅ​ជួបជុំ​គ្រួសារ​ឲ្យ​បាន​ច្រើន ទើប​មនោសញ្ចេតនា​អ្នក​ទាំង​២​មិន​ប្រេះឆា​។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិសអាគ្នេយ៍​។ ពណ៌​នាំ​សំណាង​ពណ៌​ខៀវ​។ អ្នក​យកអាសា​ឆ្នាំជូត​៕

ឆ្នាំច៖ រាសី​ឡើង​ខ្ពស់​។ ការងារ​ដំណើរការ​ដោយ​ងាយស្រួល គ្រប់យ៉ាង​សុទ្ធតែ​រលូន ត្រូវ​ផែនការ​។ ថ្ងៃនេះ​អាច​បណ្តាក់​ទុនវិនិយោគ​ជោគជ័យ ប៉ុន្តែ​គួរ​ធ្វើ​ក្នុង​ទ្រង់ទ្រាយ​តូច សុវត្ថិភាព​។ មនោសញ្ចេតនា ពុំទាន់​មាន​អ្វី​គួរ​ឲ្យ​កក់ក្តៅ​ក្នុង​ចិត្ត ត្រូវ​ព្យាយាម​បន្តទៀត​។ ទិស​នាំ​លាភ​ទិស​ជើង តំណម​ទិស​ខាងត្បូង​។ ពណ​នាំ​សំណាង ពណ៌​ក្រហម​។ អ្នកយក​អាសារ​ឆ្នាំជូត​៕

ឆ្នាំកុរ៖ រាសី​ល្អ​មធ្យម​។ ការងារ​នៅតែ​ជួប​ការលំបាក អ្នក​ចាំបាច់​ត្រូវ​សម្រួល​ផ្លូវចិត្ត និង​វិធី​ធ្វើការ​មានឱកាស​រកប្រាក់​ដ៏​ល្អ កុំ​ខកខាន​ឲ្យ​សោះ​។ មនោសញ្ចេតនា រីកចម្រើន​ល្អប្រសើរ​។ ទិស​នាំ​លាភ ទិសឦសាន តំណម​ទិស​ខាងត្បូង​។ ពណ៌​នាំ​សំណាង​ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំរោង​៕

Comments

comments