Home កីឡា លោក Simeone ថា Marseille មានចំណុចស្រដៀង Atletico ច្រើន

លោក Simeone ថា Marseille មានចំណុចស្រដៀង Atletico ច្រើន

គ្រូបង្វឹក Atletico Madrid លោក Diego Simeone លើកឡើងថា Marseille មានចំណុចស្រដៀងក្រុមរបស់លោកច្រើន និងព្យាករថាវគ្គផ្ដាច់ព្រ័ត្រ Europa League នៅកីឡដ្ឋានរបស់ក្លិប Lyon ម៉ោង១៖៤៥រំលងអធ្រាត្រថ្ងៃពុធទី១៦ខែឧសភាឆ្នាំ២០១៨នេះនឹងល្អមើល។

លោក Simeone និយាយថា ៖ “យប់នេះយើងនឹងលេងវគ្គផ្ដាច់ព្រ័ត្រមួយទៀតហើយ។ អារម្មណ៍ខ្លាំងក្លានឹងពាក់ព័ន្ធក្នុងប្រកួតនេះ។ យើងបានស្រមៃដល់ឱកាសនេះ ប៉ុន្តែយើងក៏ត្រូវប្រឈមមុខនឹងវាជាមួយនឹងភាពដាក់ខ្លួននិងប្រឹងធ្វើការខ្លាំង។ យើងមានគូបដិបក្ខអស្ចារ្យមួយ។ ពួកគេពូកែឡើងប្រយុទ្ធ។ ពួកគេក៏មានក្ដីស្រមៃ។ ពួកគេមានលទ្ធផលយ៉ាងល្អប្រសើរនៅក្នុងលីគបារាំង។ ខ្ញុំគិតថាការប្រកួតយប់នេះនឹងល្អមើល គឺជាវគ្គផ្ដាច់ព្រ័ត្រដ៏ស្រស់ស្អាតមួយ។ ក្រុមយើងទាំងពីរមានស្ទីលស្រដៀងគ្នានិងចំណុចស្រដៀងគ្នាជាច្រើន”។

គ្រូជនជាតិអាហ្សង់ទីនរូបនេះនឹងមិនអាចឈរបញ្ជានៅតំបន់បច្ចេកទេសបានឡើយ ពោលគឺត្រូវអង្គុយនៅខាងលើ ដោយសារជាប់បម្រាមចំពោះឥរិយាបថរបស់ខ្លួនអំឡុងការប្រកួតជើងទី១ទល់នឹង Arsenal ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយជំនួយការ German Burgos នឹងរ៉ាប់រងតួនាទីជាក់ស្ដែងជំនួស។

ដោយឡែក ប្រធានក្រុម Diego Godin និយាយថាក្រុមរបស់គេនឹងត្រូវបង្ហាញស្មារតីតស៊ូដូចគ្នាទៅនឹងកាលដែលពួកគេផ្ដួល Arsenal បើសិនចង់លើកពាន។ Godin បន្ថែមថាខ្សែប្រយុទ្ធ Antoine Griezmann នឹងអាចទុកចោលភាពសង្ស័យចំពោះអនាគតរបស់គេមួយឡែក ហើយផ្ដោតអារម្មណ៍ជួយក្រុមយកជ័យជម្នះ៕