Home កីឡា មុនជំនួបលីគថ្...

មុនជំនួបលីគថ្ងៃសៅរ៍នេះ AEU FC ធ្វើពិធីដាំដើមឈើប្រណីត

យោងតាមប្រភពពីសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប នៅថ្ងៃសៅរ៍ ទី១៩ ខែឧសភា ថ្នាក់ដឹកនាំនឹងរៀបចំពិធីដាំដើមឈើប្រណិតជាអនុស្សារីយ៍នៅកីឡដ្ឋាន AEU Sport Park មុនឈានដល់ការប្រកួតបាល់ទាត់ក្របខណ្ឌ Metfone Cambodian League 2018 ។

ពិធីដ៏អធិកអធមនេះគ្រោងធ្វើឡើងចាប់ពីម៉ោង០១រសៀល ដោយមានការចូលរួមពីគណៈគ្រប់គ្រងបុគ្គលិក, សាស្ត្រាចារ្យ និង សាធារណៈជន ក្រោមអធិបតីឯកឧត្តមបណ្ឌិត ឌួង លាង ប្រធានក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យ អាស៊ីអឺរ៉ុប និង ជាប្រធានក្លិបបាល់ទាត់អាស៊ីអឺរ៉ុបយូណាយធីត។ ក្នុងពិធីនេះដែរ ឯកឧត្តមបណ្ឌិត ឌួង លាង ក៏នឹងសំណេះសំណាល និង ផ្ដល់បទសម្ភាសដល់អ្នកសារព័ត៌មាន។

លុះដល់ម៉ោង០៣រសៀល ការប្រកួតបាល់ទាត់ Metfone Cambodian League នឹងចាប់ផ្ដើមរវាងក្រុមម្ចាស់ផ្ទះអាស៊ីអឺរ៉ុបយូណាយធីត និង អង្គរថាយហ្គឺរ ដោយមានផ្សាយផ្ទាល់លើទំព័រគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ហៅកាត់ថា CNCC។

គួរដឹងដែរថា កីឡដ្ឋាន AEU Sport Park ដែលមានទីតាំងនៅឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានដំណើរការសាងសង់កាលដើមឆ្នាំ២០១៧ និង បើកដំណើរការនៅរដូវកាល២០១៨នេះ៕