Home កីឡា គ្រូសូលទីឡូ ថ...

គ្រូសូលទីឡូ ថា គ្មានសម្ពាធទេ ពេលប៉ះថៃហ្គឺរថ្ងៃសៅរ៍នេះ

គ្រូបង្វឹកសូលទីឡូអង្គរ លោក Yuki Matsuda អះអាងថា ជំនួប Siem Reap Derby នាថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ពុំបង្កសម្ពាធដល់ក្រុមលោកពេកនោះទេ បើទោះអ្នកតាមដានភាគច្រើនគិតថា ជាប្រកួតកាត់សេចក្ដីរកក្លឹបម្ចាស់ទឹកដីអង្គរ ព្រោះជឿជាក់ថាក្រុមខ្លួននឹងអាចធ្វើបានល្អជាង។

លោក Yuki រៀបរាប់ ៖ «អ្នកទស្សនាភាគច្រើនគិតថា វាជាសម្ពាធសម្រាប់ក្រុមទាំង២ ប៉ុន្តែមែនទែនទៅចំពោះខ្ញុំ វាដូចជាការប្រកួតមុនៗអញ្ចឹង ខ្ញុំ និង កីឡាករទាំងអស់គ្មានសម្ពាធអ្វីទេ។ យើងនឹងប្រើទម្រង់ដូចកាលយកឈ្នះ EDC ៣-០ ហើយខ្ញុំផ្ដោតតែលើការជ្រើសរើសកីឡាករសម្រាប់ជម្រើសដំបូងប៉ុណ្ណោះ។ ពួកយើងនឹងធ្វើបានប្រសើរជាងក្រុមម្ចាស់ផ្ទះ»។

គ្រូជនជាតិជប៉ុនបន្ថែមទៀតថា អាចនឹងមានអ្នកគាំទ្រក្រុមម្ចាស់ផ្ទះស្រែកហ៊ោរកញ្ជ្រៀវច្រើនជាងធម្មតា ប៉ុន្តែពួកយើងមិនខ្វល់អ្វីច្រើន ក្រៅពីផ្ដោតលើការលេងឡើយ។ លោកថា កីឡាករទាំងអស់មានពេលសម្រាកល្អ ហើយមានឆន្ទៈចង់ឈ្នះខ្ពស់ សម្រាប់ជំនួប Siem Reap Derby ។

ជំនួបរវាង អង្គរថាយហ្គឺរ និង សូលទីឡូអង្គរ ធ្វើឡើងចាប់ពីម៉ោង៣:៣០នាទី ថ្ងៃសៅរ៍ ទី០៩ មិថុនា លើវាលស្មៅកីឡដ្ឋានខេត្តសៀមរាប ដែលមានផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុកគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា CNCC ៕

Advertisement - UnitusX