Home កីឡា បារាំងដាក់១១ន...

បារាំងដាក់១១នាក់ពេញជើង តែប៊ិះចាញ់ អាមេរិក ក្នុងផ្ទះខ្លួនឯង (វីដេអូ)

បារាំង បានត្រឹមស្មើ១-១ក្នុងផ្ទះខ្លួនឯងជាមួយ អាមេរិក នៅយប់ថ្ងៃសៅរ៍ទី៩ខែមិថុនា ទោះបីដាក់ជម្រើស១១នាក់ខ្លាំងៗ ក្នុងជំនួបកម្ដៅសាច់ដុំលើកចុងក្រោយ មុន World Cup 2018 ក៏ដោយ។

ក្រុមលោក Didier Deschamps ត្រួតត្រាការប្រកួត ប៉ុន្តែត្រូវក្រុមភ្ញៀវនាំមុខក្នុងនាទី៤៤ តាមរយៈការបញ្ចប់ទីយ៉ាងឆ្លាតរបស់ Julian Green ផុតដៃអ្នកចាំទី Hugo Lloris។

ខ្សែប្រយុទ្ធវ័យ១៩ឆ្នាំ Kylian Mbappe តាមស្មើឱ្យម្ចាស់ផ្ទះវិញក្នុងនាទី៧៨ ពីការបញ្ជូនបាល់របស់កីឡាករបម្រុង Benjamin Pavard។

ខ្សែប្រយុទ្ធ Olivier Giroud ត្រូវបានប្ដូរចេញក្នុងនាទី៥៨ក្រោយប៉ះទង្គិចក្បាលជាមួយមិត្តរួមក្លិប Chelsea: Matt Miazaga ហើយដាក់ជំនួសដោយ Osmane Dembele។

Antoine Griezmann និង Paul Pogba មានឱកាសស៊ុតបីបួនលើកដូចគ្នាពីចម្ងាយ ប៉ុន្តែមិនបានសម្រេច។

បារាំង ស្ថិតក្នុងពូល C ហើយនឹងចាប់ផ្ដើមប៉ះ អូស្ត្រាលី នៅថ្ងៃទី១៦ខែមិថុនា មុនប៉ះ ប៉េរូ និង ដាណឺម៉ាក៕

Advertisement - UnitusX