Home កីឡា ក្រោយរកបាន៣គ្...

ក្រោយរកបាន៣គ្រាប់ក្នុងជំនួបមិត្តភាព បូរ៉ាវី សង្ឃឹមស៊ុតចូលក្នុងប្រកួតលីគថ្ងៃនេះ

តារាចាស់វស្សារបស់កម្ពុជា ឃួនឡា បូរ៉ាវី នឹងបង្ហាញខ្លួនក្នុងការប្រកួតផ្លូវការសម្រាប់ក្លិបថៃ Suratthani FC ក្នុងការប្រកួតបើកឆាកជុំទី២នៃ Thai League 3 នៅម៉ោង១៦៖០០ថ្ងៃអាទិត្យទី១០ខែមិថុនានេះ ដោយពាក់អាវលេខ៩៩។

ថ្វីបើលេងនៅក្រៅទឹកដីហើយប៉ះក្រុមកំពូលតារាង Customs United តែខ្សែប្រយុទ្ធវ័យ៣០ឆ្នាំរបស់កម្ពុជា មានការតាំងចិត្តរកគ្រាប់បាល់ផ្លូវការឱ្យបានសម្រាប់ក្រុមថ្មី ខណៈក្នុងការប្រកួតមិត្តភាព៣ដងកន្លងមក រូបគេរកបាន៣គ្រាប់។

អតីតប្រធានក្រុមបឹងកេត ប្រាប់ Keiladaily ក្នុងសម្ភាសន៍ផ្ដាច់មុខថា ៖ “នៅទីនេះពួកគេលេងបាល់ខ្លីៗ ដូច្នេះវាមិនសូវពិបាកសម្រាប់ខ្ញុំក្នុងការសម្របខ្លួនទេ។ ខ្ញុំរួចរាល់សម្រាប់ការប្រកួតថ្ងៃនេះ ហើយខ្ញុំសង្ឃឹមថាខ្ញុំអាចរកគ្រាប់បាល់បាន។ ថ្ងៃនេះខ្ញុំចង់បង្ហាញសមត្ថភាពរបស់ខ្ញុំដល់មិត្តរួមក្រុមនិងអ្នកគាំទ្រថៃក្នុងការប្រកួតផ្លូវការក្នុងប្រទេសថៃជាលើកដំបូង”។

សូមបញ្ជាក់ថាមុនឈានដល់ប្រកួតផ្លូវការនៅថ្ងៃនេះ បូរ៉ាវី បានចូលលេងក្នុងការប្រកួតមិត្តភាព៣លើកអំឡុងពេលលីគសម្រាកក្រោយចប់ជុំទី១ ហើយអតីតប្រធានក្រុមបឹងកេតរូបនេះរកបាន៣គ្រាប់ ដែលគ្រាប់ចុងក្រោយបានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍។ ប៉ុន្តែពេល Suratthani ស្មើ៤-៤ជាមួយ Krabi FC កាលពីថ្ងៃអង្គារ រូបគេលេងបាន៨០នាទី ហើយស៊ុតចូល១គ្រាប់ដែរ តែត្រូវអាជ្ញាកណ្ដាលលើកទក់ជំហរក្រៅល្បែងយ៉ាងចម្រូងចម្រាស ខណៈមិត្តរួមក្រុមរបស់គេគិតថាមិនអកហ្សឺឡើយ។

គ្រូបង្វឹក Suratthani FC លោក Peeraphanth Sukjan បានសរសើរ បូរ៉ាវី ថាជាខ្សែប្រយុទ្ធមានភាពឆ្នៃប្រតិដ្ឋ, បង្កើតឱកាស និងដាក់ស្ពាធលើគូប្រកួតបានល្អ។

គួរដឹងដែរថា លីគទី៣ថៃមាន២៨ក្លិប តែបែងចែកជា២ភូមិភាគ គឺភូមិភាគខ្ពង់រាប (Upper Region) និងភូមិភាគទំនាប (Lower Region) ដោយមួយភូមិភាគមាន១៤ក្លិប។ ក្លិប Suratthani FC ស្ថិតនៅភូមិភាគទំនាប និងកំពុងឈរលេខរៀងទី៨ក្នុងចំណោម១៤ក្លិប ដោយ១៣ប្រកួតកន្លងមក ឈ្នះ៤ ស្មើ៥ ចាញ់៤។ ចំណែកក្រុមកំពូលតារាង Customs United គ្រងកំពូលតារាង ១៣ប្រកួតកន្លងមកឈ្នះ៨ ស្មើ៤ ចាញ់១៕

Advertisement - UnitusX