Home កីឡា Conor Nestor ...

Conor Nestor ៖ ឲ្យតែតង់ទី១ យើង​មិនសូវធ្វើបានតាមគម្រោង​ទេ​

លោក Conor Nestor គ្រូ​បង្គោលក្លិបព្រះខ័នរាជស្វាយរៀង អះអាងថា រាល់ការប្រកួតនៅវគ្គទី១ ក្រុមរបស់លោកហាក់លេងមិនសូវបានល្អតាមគម្រោងឡើយ តែចូលដល់វគ្គទី២ ទើបការលេងហាក់រលូនដូចការចង់បាន។

គ្រូ​បង្វឹកជនជាតិអៀរឡង់ ថា បញ្ហានេះបានកើតឡើង តាំងពីដើមរដូវកាលម្ល៉េះ មិនត្រឹមតែពេលប៉ះវិសាខា កាលថ្ងៃសៅរ៍ ទី០៩ មិថុនា កន្លងទៅទេ ពោលគឺទាល់តែវគ្គទី២ ទើបកូនក្រុមលេងបានល្អ។

លោក Conor រៀបរាប់បែបនេះ ៖ “ក្នុងវគ្គទី១ ការ​លេងរបស់យើង​ពិតជាមិនសូវបានល្អមែន ហើយវាតែងតែកើតឡើងបែបនេះតាំងពីដើមរដូវកាល។ វគ្គទី១ជាមួយសូលទីឡូ វគ្គទី១ ជាមួយការពារជាតិ មិនសូវរលូនតាមគម្រោងទេ ធ្វើឲ្យខ្ញុំមានការខកចិត្តខ្លះដែរ តែនៅវគ្គទី២ កូនក្រុមខ្ញុំអាចធ្វើបានយ៉ាងល្អទៅតាមគម្រោង រលូនទៅតាមការរៀបចំពេញ​មួយសប្ដាហ៍មកនេះ។ យើងពិតជាលេងយ៉ាងល្អនៅវគ្គទី២ ហើយថ្ងៃនេះវាក៏បានកើតឡើងទៀតចំពោះបញ្ហានេះ គឺយើងលេងយ៉ាងល្អនៅវគ្គទី២ មិនដូចកាលវគ្គទី១ទេ”។ 


គួរដឹងដែរថា ក្នុងជំនួបចាញ់វិសាខា ៣ទល់នឹង២ ប្រចាំសប្ដាហ៍ទី០៩ នៃក្របខណ្ឌ Metfone Cambodian League កាលថ្ងៃសៅរ៍ កន្លងទៅ ព្រះខ័នរាជស្វាយរៀង បានរបូត២គ្រាប់នៅវគ្គទី១ ហើយថែមមួយគ្រាប់ទៀតនៅវគ្គទី២។ ផ្ទុយទៅវិញ នៅប្រហែល៣០នាទីចុងក្រោយ ក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀង បានដាក់គំនាបយ៉ាងខ្លាំងលើ​ក្រុមលោក ហុក សុជីវ័ន រហូតដណ្ដើមបាន២គ្រាប់មកវិញ ធ្វើឲ្យការប្រកួតបញ្ចប់ទៅដោយលទ្ធផលប្រផុតប្រផើយ៕

Advertisement - UnitusX