Home កីឡា ប៉ះគ្នាលើកចុង...

ប៉ះគ្នាលើកចុងក្រោយនៅ World Cup ៨ឆ្នាំមុន អេស្ប៉ាញឈ្នះ ចុះឆ្នាំនេះ?

ជំនួបរវាងក្រុមគីឡូធ្ងន់២ ពោលគឺរវាងអ្នកជិតខាង អេស្ប៉ាញ និង ព័រទុយហ្គាល់ នឹងធ្វើឡើងនៅម៉ោង១រំលងអធ្រាត្រថ្ងៃសុក្រទី១៥ខែមិថុនា ជាការប្រកួតទី១ពូល B នៃព្រឹត្តិការណ៍ FIFA World Cup 2018។

- Advertisement -

ប្រវត្តិជួបគ្នា

ថ្វីបើពួកគេជាគូប្រជែងចាស់ធ្លាប់ប៉ះគ្នា៣៥ដងកន្លងមកក្ដី ប៉ុន្តែនេះទើបតែជាលើកទី២ដែលពួកគេជួបគ្នានៅ World Cup ខណៈលើកទី១ជួបគ្នាក្នុងព្រឹត្តិការណ៍ឆ្នាំ២០១០នៅអាហ្វ្រិកខាងត្បូង ដោយកាលណោះ អេស្ប៉ាញ ឈ្នះ ១-០ ក្នុងវគ្គ១៦ក្រុមចុងក្រោយ ស៊ុតដោយ David Villa។ តែបើសរុប៣៥ដងកន្លងមក អេស្ប៉ាញ ឈ្នះ១៦ដង ព័រទុយហ្គាល់ ឈ្នះ៦ដង។
ក្រុមទាំង២ប៉ះគ្នាក្នុងព្រឹត្តិការណ៍ធំៗ៤ដង (បូកទាំង Euro) មានគ្រាប់បាល់កើតឡើងតែ៤គ្រាប់ប៉ុណ្ណោះ។

ស្ថានភាពក្រុម

អេស្ប៉ាញត្រៀមខ្លួនបានល្អមុនមកដល់រុស្ស៊ី និងមានសមាសភាពកីឡាករយ៉ាងមានតុល្យភាព ដោយលាយឡំរវាងយុវជននិងកីឡាករមានបទពិសោធ ប៉ុន្តែមិនទាន់ច្បាស់ថានឹងរងឥទ្ធិពលដូចម្ដេចពីការប្ដូរគ្រូបង្គោល២ថ្ងៃមុនប្រកួតនោះទេ។ ទោះយ៉ាងណា លោក Fernando Hierro ស្គាល់បាល់ទាត់អេស្ប៉ាញច្បាស់ដូចខ្នងដៃ ដ្បិតជាអតីតប្រធានក្រុមនិងជានាយកបច្ចេកទេសរបស់សហព័ន្ធមុនចូលជំនួសតំណែងលោក Julen Lopetegui។

ចំណែកជើងឯកទ្វីបអឺរ៉ុប ព័រទុយហ្គាល់ វិញ ប្រធានក្រុម Cristiano Ronaldo មានការតាំងចិត្តខ្ពស់ជាងសព្វដង។

គ្រូបង្គោលព័រទុយហ្គាល់ លោក Fernando Santos បានពណ៌នាអេស្ប៉ាញថាជាក្រុមខ្លាំងបំផុតក្នុងពូល តែក្រុមរបស់លោករួចរាល់ដើម្បីតតាំងអស់ពីកម្លាំងកាយចិត្តទល់នឹងអេស្ប៉ាញ។

ជើងកីឡាករ

Dani Carvajal ត្រលប់មកហាត់ជាមួយមិត្តរួមក្រុមវិញហើយក្រោយរបួសសរសៃពួរ តែមិនទាន់ច្បាស់លាស់សម្រាប់ចាប់ផ្ដើមការប្រកួតយប់នេះឡើយ ហើយ Alvaro Odriozola រំពឹងថានឹងរ៉ាប់រងភារៈជំនួស បើ Carvajal មិនអាចលេងបាន។ ឯព័រទុយហ្គាល់​គ្មាន​បញ្ហា​កីឡាករ​របួស​ទេ​។

កីឡាករ​ដែល​ទំនង​ជាប់​១១​នាក់​ដំបូង​៖

ព័រទុយហ្គាល់​ Rui Patricio; Raphael Guerreiro, Jose Fonte, Pepe, Cedric; Joao Mario, Joao Moutinho, William, Bernardo Silva; Cristiano Ronaldo, Goncalo Guedes

អេស្ប៉ាញ David De Gea; Jordi Alba, Sergio Ramos, Gerard Pique, Nacho; Sergio Busquets, Thiago Alcantara; Andres Iniesta, Isco, David Silva; Diego Costa

ចំណុចគួរដឹងបន្ថែម

ព័រទុយហ្គាល់ នឹងព្យាយាមក្លាយជាក្រុមទី៤ដែលឈ្នះពាន Euro និង World Cup បន្តបន្ទាប់គ្នា បន្ទាប់ពី អាល្លឺម៉ង់ខាងលិច (Euro 1972, World Cup 1974), បារាំង (World Cup 1998, Euro 2000) និងអេស្ប៉ាញ (Euro 2008, World Cup 2010, Euro 2012)។

ការប្រកួត១៤លើកចុងក្រោយរបស់អេស្ប៉ាញនៅ World Cup មិនដែលស្មើទេ គឺឈ្នះ១០ដង ចាញ់៤ដង។ ចំណែកការប្រកួតក្នុងពូល៦ដងចុងក្រោយ ពួកគេចាញ់៣ដង។

អេស្ប៉ាញ មានកំណត់ត្រាការពាររឹងមាំបំផុតរួមគ្នាជាមួយ អង់គ្លេស ក្នុងវគ្គជម្រុះ World Cup 2018 ក្នុងទ្វីបអឺរ៉ុប ដោយរបូតតែ៣គ្រាប់ក្នុង១០ប្រកួត និងជាក្រុម១ក្នុងចំណោម៤ដែលមិនទាន់ចាញ់ រួមជាមួយ បែលហ្ស៊ិក, អង់គ្លេស និង អាល្លឺម៉ង់ នៅ World Cup។

Ronaldo ពាក់ព័ន្ធដោយផ្ទាល់ក្នុងគ្រាប់បាល់បានច្រើនជាងកីឡាករនានាទាំងអស់ក្នុងវគ្គជម្រុះ World Cup 2018 នៅអឺរ៉ុប ដោយរកបាន១៥គ្រាប់និងបញ្ជូន៣គ្រាប់ផ្សេងទៀត។ ប៉ុន្តែ CR7 មិនដែលស៊ុតចូលអេស្ប៉ាញឡើយក្នុងការលេងទល់នឹងប្រទេសជិតខាងរបស់គេមួយនេះអស់៣៤០នាទីកន្លងមក៕

Advertisement - UnitusX