Home កីឡា អង់គ្លេសមិនទា...

អង់គ្លេសមិនទាន់ស្គាល់ចាញ់តាំងពីវគ្គជម្រុះ តែទុយនេស៊ីក៏មិនណយ

ដំណើរស្វែងរកជើងឯក World Cup ជាលើកដំបូងតាំងពីឆ្នាំ១៩៦៦មករបស់អង់គ្លេស នឹងចាប់ផ្ដើមនៅថ្ងៃចន្ទទី១៨ខែមិថុនាឆ្នាំ២០១៨នេះ វេលាម៉ោង១រំលងអធ្រាត្រ ដោយត្រូវតតាំងទល់នឹង ទុយនេស៊ី ក្នុងពូល G នៅកីឡដ្ឋាន\n Volgograd Arena។

- Advertisement -

អង់គ្លេសធ្វើដំណើរមករុស្ស៊ីជាមួយកីឡាករក្មេងៗច្រើនដែលខ្វះបទពិសោធ ប៉ុន្តែមានអត្តសញ្ញាណនៃការលេងច្បាស់លាស់មួយក្រោមការបង្វឹករបស់លោក Gareth Southgate។

អង់គ្លេសនឹងលេងប៉ះពីក្រោមមក ចេញពីខ្សែការពារ ហើយប្រើល្បឿនរបស់កម្លាំងប្រយុទ្ធនៅខាងលើដើម្បីនាំបាល់ឱ្យ Harry Kane បញ្ចប់ទី។

លោក Southgate បញ្ជាក់ថាក្រុមរបស់លោកបានរៀនសូត្រពីអតីតកាល ប៉ុន្តែមិនទុកអតីតកាលក្នុងចិត្តឡើយ ពោលគឺចិត្តរបស់កីឡាករស្រស់បស់ មានភាពស្រេកឃ្លាននិងចំណង់ឈ្នះ ហើយនឹងព្យាយាមលេងក្នុងរបៀបថ្មីមួយ។

ប្រវត្តិជួបគ្នា

អង់គ្លេស និង ទុយនេស៊ី ជួបគ្នាលើកចុងក្រោយនៅវគ្គចែកពូល World Cup 1998 ដោយ អង់គ្លេស ឈ្នះ២-០នៅ Marseille ស៊ុតដោយ Alan Shearer និង Paul Scholes។
នេះជាការត្រលប់មក World Cup លើកដំបូងរបស់ទុយនេស៊ីតាំងពី២០០៦មក ក្រោយជម្រុះជាប់ដោយស្វ័យប្រវត្តិពីពូលដែលមាន កុងហ្គោ, លីប៊ី និង ហ្គីណេ។ ប៉ុន្តែ ទុយនេស៊ី មិនដែលឆ្លងផុតពូលឡើយនៅ World Cup ៤ដងកន្លងមក។

គ្រូបង្គោលទុយនេស៊ី Nabil Maalou ថាអង់គ្លេសឆ្នាំនេះមិនមានកីឡាករឆ្នើមៗដូច Beckham និង Owen ដែលឈ្នះប្រទេសរបស់លោកកាលពីឆ្នាំ១៩៩៨មែនពិត ប៉ុន្តែលោកគិតថាអង់គ្លេសបច្ចុប្បន្នបានរីកចម្រើនយ៉ាងខ្លាំងនិងមានកីឡាករវ័យក្មេងបំផុតទី៣នៅ World Cup 2018 នេះ។

ទុយនេស៊ី ជាក្រុមមួយមានប្រព័ន្ធការពាររឹងមាំ ដ្បិតកីឡាករម្នាក់ៗមានវិន័យនិងឆន្ទៈខ្ពស់។ ជាក់ស្ដែងពេលពួកគេប្រកួតជាមួយ អេស្ប៉ាញ របូតតែ១គ្រាប់គត់ហើយនៅចុងម៉ោងទៀត។

ព័ត៌មានក្រុម

Marcus Rashford ដែលជាក្ដីបារម្ភតែមួយគត់របស់អង់គ្លេស បានត្រលប់ចូលហាត់វិញតាំងពីថ្ងៃសុក្រទី១៥មិថុនា មានន័យថាលោក Southgate មានជម្រើសពេញដៃដើម្បីជ្រើសរើស។

ខ្សែបម្រើរបស់ Sunderland : Wahbi Khazri ដែលលេងឱ្យ Rennes ក្រោមកិច្ចសន្យាខ្ចីរដូវកាលមុន ជាតួសំខាន់ម្នាក់របស់ទុយនេស៊ី និងទំនងចាប់ផ្ដើមការប្រកួតយប់នេះ ខណៈរូបគេខានលេងតាំងពីរងរបួសភ្លៅកាលពី២ខែមុនមក។

ជម្រើស១១នាក់ដំបូងអាចមាន៖

ទុយនេស៊ី៖ Mouez Hassen; Yassine Meriah, Syam Ben Youssef, Dylan Bronn, Ali Maaloul; Ellyes Skhiri, Anice Badri, Ferjani Sassi; Fakhreddine Ben Youssef, Wahbi Khazri, Naim Sliti.

អង់គ្លេស៖ Jordan Pickford; Kyle Walker, John Stones, Harry Maguire; Kieran Trippier, Dele Alli, Jordan Henderson, Jesse Lingard, Ashley Young; Raheem Sterling, Harry Kane.

ព័ត៌មានបន្ថែមគួរដឹង

អង់គ្លេស មិនមែលចាញ់ក្រុមមកពីទ្វីបអាហ្វ្រិកឡើយនៅ World Cup (ឈ្នះ៣ដង ស្មើ៣ដង) និងបានរក្សាទីមិនរបូតគ្រាប់បាល់ដល់ទៅ៥ប្រកួតក្នុងចំណោម៦ប្រកួតនោះ។

ទុយនេស៊ី រក្សាទីមិនឱ្យគេស៊ុតចូលបានតែ១ប្រកួតប៉ុណ្ណោះក្នុងចំណោម១២ប្រកួតនៅ World Cup គឺពេលស្មើ០-០ជាមួយអាល្លឺម៉ង់ខាងលិចកាលពីឆ្នាំ១៩៧៨។

តាំងពីគ្រងជើងឯកពិភពលោកឆ្នាំ១៩៦៦មក អង់គ្លេស ឡើងហួសវគ្គ៨ក្រុមចុងក្រោយតែ១លើកគត់ គឺនៅឆ្នាំ១៩៩០ដែលពួកគេជាប់លេខ៤។ អង់គ្លេស ក៏ឈ្នះលេខ១ក្នុងពូលតែ១ដងដែរក្នុងចំណោម World Cup ៥ដងចុងក្រោយរបស់ពួកគេ គឺនៅ World Cup 2006។

ក្នុង៨ប្រកួតចុងក្រោយនៅ World Cup អង់គ្លេស ឈ្នះតែ១ដងប៉ុណ្ណោះ គឺឈ្នះ ស្លូវើនី ១-០ នៅ World Cup 2010 ក្រៅពីនេះស្មើ៤ដង ចាញ់៣ដង។

អង់គ្លេស មានស្ថិតិការពាររឹងមាំបំផុតស្មើគ្នាជាមួយ អេស្ប៉ាញ ក្នុងវគ្គជម្រុះនៅអឺរ៉ុប ដោយរបូតតែ៣គ្រាប់ក្នុង១០ប្រកួត និងជាក្រុមមួយក្នុងចំណោម៤ដែលជម្រុះមិនចាញ់ រួមជាមួយ បែលហ្ស៊ិក, អាល្លឺម៉ង់ និង អេស្ប៉ាញ។

ទស្សនៈ អង់គ្លេស ១-០ ទុយនេស៊ី

Advertisement - UnitusX