Home កីឡា Messi អ៊ីរ៉ង់...

Messi អ៊ីរ៉ង់ចូលនិវត្តន៍ពីជម្រើសជាតិក្នុងវ័យ២៣ឆ្នាំដោយសារការជេរប្រទេច

ខ្សែប្រយុទ្ធជួរមុខអ៊ីរ៉ង់ Sardar Azmoun ដែលត្រូវបានហៅថា«Messi អ៊ីរ៉ង់»បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិក្នុងវ័យត្រឹម២៣ឆ្នាំ ដោយអះអាងថាម្ដាយរបស់គេធ្លាក់ខ្លួនឈឺធ្ងន់ព្រោះតែការជេរប្រទេចដែលរូបគេទទួលរង។

ខ្សែប្រយុទ្ធក្លិប Rubin Kazan រូបនេះរកបាន២៣គ្រាប់ពីការចូលលេង៣៣ដងសម្រាប់អ៊ីរ៉ង់ពីឆ្នាំ២០១៤ដល់២០១៨មុន World Cup 2018 ចាប់ផ្ដើម។ ប៉ុន្តែ៣ប្រកួតនៅ World Cup ពូល B ដែលគេលេងពេញ៩០នាទី ទល់នឹង ម៉ារ៉ុក, អេស្ប៉ាញ និងព័រទុយហ្គាល់ រូបគេមិនបានស៊ុតចូលឡើយ។ អំឡុងវគ្គជម្រុះប្រចាំទ្វីបអាស៊ី Azmoun រកបាន១១គ្រាប់ពី១៤ប្រកួត។

ជ័យលាភីកីឡាករឆ្នើមជាងគេរបស់ក្លិប Rostov ក្នុងរដូវកាល២០១៥-១៦ និយាយថាពាក្យរិះគន់លើរូបគេបានបណ្ដាលឱ្យម្ដាយរបស់គេធ្លាក់ខ្លួនឈឺធ្ងន់។

អតីតយុវជន Sepahan អះអាងថា៖ “ម្ដាយរបស់ខ្ញុំបានសះស្បើយពីជំងឺធ្ងន់មួយហើយខ្ញុំសប្បាយចិត្ត។ តែជាអកុសល ដោយសារតែភាពគ្មានមេត្តារបស់មនុស្សមួយចំនួននិងការជេរប្រទេចដែលខ្ញុំនិងមិត្តរួមក្រុមមិនសមនឹងទទួលទាល់តែសោះនោះ ជំងឺរបស់គាត់បានរើឡើងកាន់តែធ្ងន់។ ការណ៍នេះបានធ្វើឱ្យខ្ញុំស្ថិតក្នុងទីតាំងពិបាកមួយដែលខ្ញុំត្រូវតែជ្រើសរើសមួយក្នុងចំណោមជម្រើស២ ហើយជាលទ្ធផលខ្ញុំជ្រើសរើសម្ដាយខ្ញុំ”។

Azmoun ចូលលេងឱ្យជម្រើសជាតិក្រុមធំអ៊ីរ៉ង់លើកដំបូងតាំងពីវ័យ១៩ឆ្នាំ។ គេជាអ្នករកគ្រាប់បាល់ឱ្យអ៊ីរ៉ង់បានច្រើនបំផុតលំដាប់ទី៥ និងថែមទាំងត្រូវបានប្រៀបធៀបទៅនឹងវីរបុស Ali Daei ដែលជាម្ចាស់ឯតទគ្គកម្មពិភពលោកគ្រាប់បាល់ច្រើនបំផុតសម្រាប់ក្រុមជម្រើសជាតិ គឺ១០៩គ្រាប់ពីការចូលលេង១៤៩ដង៕

Advertisement - Unitus 728x90