Home កម្សាន្ត តារាជើងចាស់ភា...

តារាជើងចាស់ភាគច្រើន ចាត់ទុកកម្មវិធី “ខួប២ឆ្នាំរបស់គ្រួសារតារាកម្ពុជា” មិនឲ្យតម្លៃសិល្បៈជើងចាស់

(ភ្នំពេញ)៖ តារាជើងចាស់ជាច្រើន ដែលបានចូលរួមកម្មវិធី “ខួប២ឆ្នាំរបស់គ្រួសារតារាកម្ពុជា” កាលពីយប់មិញ បានបង្ហាញអារម្មណ៍អន់ចិត្ត និងចាត់ទុកថាកម្មវិធីនេះ មិនផ្តល់តម្លៃដល់អ្នកសិល្បៈចាស់ៗប៉ុន្មានទេ។ ផ្ទុយទៅវិញបែរជាលើកតម្លៃសិល្បៈក្មេងៗ ដែលមិនសូវមានឈ្មោះក្នុងសិល្បៈ មើលរំលងតារាល្បីៗ និងតារាចាស់ៗ ដែលមើលទៅមិនសូវមាន ក្រមសីលធម៌ប៉ុន្មានទេ។

បើតាមប្រភពពីអ្នកសិល្បៈ ដែលបានចូលរួម បានប្រាប់ឲ្យដឹងថា មុនដំបូលត្រូវតម្រូវឲ្យអ្នកចូលរួមបង់ថវិកា១០០$ ដើម្បីទទួលបានមេដៃពីកម្មវិធី ដោយសារតែចង់ចូលរួម មានតារាជើងចាស់ជាច្រើន បានចូលរួមនិងផ្តល់ថវិកា ១០០$ ។ ប៉ុន្តែលទ្ធផលកម្មវិធីទាំងមូល បែរជាមើលរំលង តារាសម្តែងចាស់ៗ មិនបានប្រកាសហៅអ្នកសិល្បៈចាស់ៗ មិនបានផ្តល់កិត្តិយស ធ្វើឲ្យអ្នកសិល្បៈចាស់ៗមិនមានតម្លៃទាល់តែសោះ។ អ្វីដែលកាន់តែធ្វើឲ្យតារាភាគច្រើនអន់ចិត្តបន្ថែមទៀតនោះគឺ មិនបានអញ្ជើញតារាចាស់ៗ បង្ហាញមុខឬបំពាន់មេដៃជូនពួកគាត់ទេ ផ្ទុយទៅវិញ បែរជាឃើញតារាចាស់ៗមួយចំនួនទៅរើសរកមេដៃដោយខ្លួនឯង។

ប្រភពដដែល បានចោទជាសំណួរថា កម្មវិធីនេះធ្វើក្នុងគោលបំណងអ្វី លើកមុខមាត់សិល្បៈ ឬក៏គ្រាន់តែចង់លើកមុខមាត់តួថ្មីៗដែលមិនទាន់មានឈ្មោះបោះសំឡេង។ ហើយបើនិយាយពីសំលៀកបំពាក់អ្នកចូលរួមខ្លះវិញ បែរជាស្លៀកពាក់បុរាណមិនចំបុរាណ ធ្វើឲ្យខូចទម្រង់សំលៀកបំពាក់សិល្បៈបុរាណទៅវិញ។

ដោយឡែកអ្វីដែលគេចាប់អារម្មណ៍ គឺសង្កេតឃើញថា កញ្ចប់ថវិកា ដែលបានពីកម្មវិធីច្រើនមិនក្រោមម៊ឺនដុល្លារនោះទេ ពោលមានអ្នកឧបត្ថម្ភច្រើន បើតាមការប្រកាសពីពិធីករ-ពិធីការិនី ។ប៉ុន្តែគេមិនទាន់ដឹងទេថាថវិកាសរុបម្ចាស់កម្មវិធីយកទៅធ្វើអ្វីបន្ត? ដូច្នេះមានតែរង់ចាំអ៊ុតមើលទាំងអស់គ្នា៕