Home កម្សាន្ត តារាល្បីៗជាច្...

តារាល្បីៗជាច្រើនបាក់ទឹកចិត្ត ក្រោយមិនមានការគាំទ្រការប្រគំតន្ត្រីសប្បុរសធម៌

ភ្នំពេញ៖ វត្តមានតារាប្រុសស្រីល្បី ជាច្រើនដួង បានបង្ហាញអារម្មណ៍មិនសប្បាយចិត្ត និងបាក់ទឹកចិត្តយ៉ាងខ្លាំង ខណៈដែលការប្រគំតន្ត្រីស្បុរសធម៌មួយ ដែលត្រៀមប្រគំនៅថ្ងៃទី១១ ខែសីហា នេះហាក់មិនមានការចាប់អារម្មណ៍ពីមហាជន។

ជារឿងមួយដែលសោកស្តាយខ្លាំងបំផុត ដែលតារាល្បីៗប្រចាំប្រទេសជិត ៦០ រូប បានសហករគ្នាឡើងច្រៀងលើឆាកតន្ត្រីរួមគ្នា ក្នុងកម្មវិធីមួយដែលមានឈ្មោះថា “ការប្រគំតន្ត្រី ចែករំលែកក្តីសង្ឃឹម” ដើម្បីប្រមូលមូលនិធិប្រាក់ឧបត្ថម្ភ ទៅជួយជនរងគ្រោះ ដោយទឹកជំនន់ នៅខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ។ ហាក់ដូចមិនសូវមានការចាប់អារម្មណ៍ និងចូលរួមគាំទ្រទាល់តែសោះ ដែលអាចនិយាយបានថាគិតរហូតមកដល់ពេលនេះ ចំនួននៃការលក់សំបុត្រចូលទស្សនាការប្រគំតន្ត្រីនេះ មានត្រឹមតែជិត៣០០សំបុត្រ ចែកការប្រគំតន្ត្រី៣វេន មានអ្នកមើលមិនបាន១០០នាក់ផង។

សម្រាប់ការងារសប្បុរសធម៌មួយនេះ គឺប្រគំតន្ត្រី ដើម្បីលក់សំបុត្រចូលទស្សនា ក្នុងសំបុត្រមួយ ១ម៉ឺនរៀល ដែលមានការចូលរួមពីតារាល្បីៗជាច្រើន ហើយកម្មវិធីមួយនេះត្រូវបានចាត់ទុកថា ជាកម្មវិធីសប្បុរសធម៌ធំជាងគេមួយសម្រាប់ឆ្នាំ២០១៨ ដែលអ្នកសិល្បៈរួមគ្នាធ្វើ និងជួយដល់សង្គម។ ប៉ុន្តែមិននឹកស្មានថា ការងារសង្គមមួយនេះបែរជាមិនមានការគាំទ្រធ្វើឲ្យអ្នកសិល្បៈភាគច្រើនបាក់ទឹកចិត្ត និងចោទជាសំណួរថា ហេតុអ្វីបងប្អូនមិនគាំទ្រការងារសង្គមមួយនេះ មិនផ្តល់កំលាំងចិត្តដល់អ្នកសិល្បៈឲ្យប្រឹងបន្តទៀត។

កន្លងមកថ្មីៗនេះ គ្រោះធម្មជាតិ ដែលបង្កឡើងដោយទឹកជំនន់ នៅខេត្តស្ទឹងត្រែង បានបណ្ដាលឲ្យខូចខាត ទ្រព្យសម្បត្តិប្រជាពលរដ្ឋខ្មែរ ដែលរស់នៅទីនោះ អស់ជាច្រើនគ្រួសារ ។ ដោយសារតែហេតុនេះហើយ ទើបរៀបចំកម្មវិធីសប្បុរសធម៌មួយ មានការចូលរួមដោយស្ម័គ្រចិត្តប្រគំតន្ត្រី ដើម្បីប្រមូលមូនិធិឧបត្ថមជនរងគ្រោះដោយទឹកជំនន់ ដែលកម្មវិធីនេះនឹងធ្វើឡើងនៅថ្ងៃទី ១១/០៨/១៨ មានតារាចូលរួមល្បីៗទាំងអស់ជាង ៦០រូប តម្លៃសំបុត្រចូលទស្សនា ត្រឹមតែ១មុឺនរៀលប៉ុណ្ណោះ។

សូមជម្រាបថា ការប្រគំតន្ត្រីនេះ មានវត្តមានតារាប្រុសស្រីល្បីឈ្មោះជាច្រើន ចូលរួមដោយបែងចែកជា៣ វេន ពេលចាប់ពីម៉ោង១២ថ្ងៃត្រង់ ដល់ម៉ោង៩:៣០នាទីយប់ ទីតាំងនៅសេវេនប្រាយ ជិតផ្សារមាន់អាំង សុំចូលរួមឲ្យបានច្រើនដើម្បីចូលរួមចំណែកជួយដល់ប្រជាពលរដ្ឋ ដែលរង់គ្រោះដោយទឹកជំនន់ទាំងអស់គ្នា។

ចូលរួមជួយគាំទ្រសិល្បៈខ្មែរ គាំទ្រការងារសង្គម ទំនាក់ទំនងទិញសំបុត្របាន តាមរយៈលេខ 015 325 523/098 700 739/016 746 050/011 550 302៕