Home PR ក្រុមហ៊ុន Sab...

ក្រុមហ៊ុន Sabay និងធនាគារ ព្រីនស៍ បានប្រគល់ថវិកាចំនួន១៥ ០០០ដុល្លារ ដល់ក្រុមគ្រួសារលោក ហ៊ិន រតនា

ភ្នំពេញ ៖ យុទ្ធនាការប្រមូលថវិកាជួយដល់គ្រូបង្ហាត់ឆ្កែល្បីឈ្មោះរបស់កម្ពុជាតាមរយៈ Sabay បានបញ្ចប់ហើយ

នៅថ្ងៃនេះ បន្ទាប់ពីបានធ្វើអស់ពេលប្រមាណជាបីសប្តាហ៍ ដោយមានការចូលរួមពីសាធារណៈជន ក្រុមហ៊ុន Sabay និងធនាគារ ព្រីនស៍។

នៅថ្ងៃនេះក្រុមហ៊ុន Sabay និងធនាគារ ព្រីនស៍ បានប្រគល់ថវិកាចំនួន១៥ ០០០ដុល្លារ ដល់ក្រុមគ្រួសារលោក ហ៊ិន រតនា ដែលថវិកាទាំងនេះបានមកពីសាធារណជនចំនួន៥ ០០០ ដុល្លារ ក្រុមហ៊ុន Sabay ៥ ០០០ដុល្លារ និងធនាគារ ព្រីនស៍ ចំនួន ៥ ០០០ដុល្លារ។ ទោះយ៉ាងណាសាធារណជននៅតែអាចបន្តជួយបរិច្ចាគថវិកាដល់លោក ហ៊ិន រតនា តាមយៈគណនេយ្យផ្ទាល់របស់លោក ដដែល។

នាយកប្រតិបត្តិក្រុមហ៊ុន Sabay លោក ជី សិលា ថ្លែងក្រោយពិធីប្រគល់ថវិកាដល់ក្រុមគ្រួសារលោកហ៊ិន រតនា ថាយុទ្ធនាការនេះគឺបង្ហាញពីទឹកចិត្តរបស់សាធារជន អ្នកគាំទ្រSabay និងអ្នកដែលស្រឡាញ់ចូលចិត្តលោក ហ៊ិន រតនា។

លោកបន្ថែមថា៖«ការជួយចែករំលែកមិនមែនមានន័យថា ដ៏យើងមានរាប់រយដុល្លារ ១ពាន់ដុល្លារទេ សូម្បី១ដុល្លារក៏យើងជួយបាន អ៊ីចឹង១ដុល្លារៗទាំងអស់ហ្នឹងយើងបាន៥០០០ដុល្លារ…ខ្ញុំគិតថាវាជារឿងមួយដែលល្អ ហើយវាមិនមែនតែជាមួយលោក ហ៊ិន រតនា មួយទេ (អ្នកផ្សេង)យើងអាចជួយចេញពីទឹកចិត្តម្នាក់មួយដុល្លារ ពីរដុល្លារ»។

សម្រាប់លោកស្រី តែ មុយនី នាយិការនាយកដ្ឋានទំនាក់ទំនងអាជីវកម្មធនាគារព្រីនស៍ដែលបានរួមចំណែកក្នុងការផ្តល់ថវិកានេះដែរមានប្រសាសន៍ថាធនគារមានគោលការណ៍រួមចំណែកជួយដល់សង្គមតាមរយៈមធ្យោបាយផ្សេងៗ។

លោកស្រីបន្តថា៖ «ដូចជាករណីលោកគ្រូហ៊ិន រតនាដែរ បើមានតម្រូវការជួយ យើងនឹងជួយទៅតាមលទ្ធភាព ហើយការជួយនេះយើងសង្ឃឹមថានឹងធ្វើឲ្យមានវប្បធម៌ក្នុងការជួយគ្នាឲ្យកាន់តែប្រសើរឡើង»។

ចំណែកលោក ខ្លេង សុខហ៊ ត្រូវជាបងថ្លៃលោករតនា បានថ្លែងអំណរគុណដល់សប្បុរជនដែលបានជួយផ្តល់ជាថវិកាតាមលទ្ធភាពក្នុងយុទ្ធនាការនេះ។

លោកបន្តថា៖ «យើងកោតសរសើរដល់ទឹកចិត្តសម្បុរសជនទូទៅទាំងក្រុមហ៊ុន ទាំងស្ថាប័នផ្សេងៗ…វាជាទម្លាប់មួយដែលប្រជាជនយើងចេះជួយគ្នា»។

គួរបញ្ជាក់ថាលោក ហ៊ិន រតនា បាន ទទួលរងគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃ២៥ ខែសីហា ឆ្នាំ២០១៨នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងរាជធានីភ្នំពេញ។ ក្រោយគ្រោះថ្នាក់នេះ ដោយសា្ថនភាពរបួសធ្ងន់ធ្ងរ លោកត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្រ្គោះបន្ទាន់នៅប្រទេសថៃ។ នៅថ្ងៃទី៨ ខែតុលា ខាងមុខលោក ហ៊ិន រតនា ក៏នឹងត្រូវទទួលការវះកាត់ឆ្អឹងខ្នងម្តងទៀត។

លោក ហ៊ិន រតនា ជាបុគ្គលមួយដែលបានទទួលការបណ្តុះបណ្តាលជំនាញបង្ហាត់ឆ្កែនៅសហរដ្ឋអាមេរិក និងមិនត្រឹមតែឈ្មោះល្បីនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងមានការទទួលស្គាល់ពីអន្តរជាតិផងដែរ៕