Home សេដ្ឋកិច្ច កម្ពុជានាំអ្ន...

កម្ពុជានាំអ្នកជំនាញផ្នែកដីធ្លីរបស់ខ្លួនចូលរួមកិច្ចប្រជុំរបស់សមាគមជាតិអចលនទ្រព្យសហរដ្ឋអាមេរិក

ក្រោយកម្ពុជាបានក្លាយជាសមាគមជាតិអចលនទ្រព្យសហរដ្ឋអាមេរិក(National Association Of Realtor ឬ NAR) នោះ ថ្នាក់ដឹកនាំសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) បានដឹកនាំប្រតិភូដែលសុទ្ធតែជំនាញៗនិងខ្លាំងចំនួន២០នាក់ ដើម្បីចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគមលំដាប់ពិភពលោកនេះ គ្រាដែលនឹងមានតំណាងសមាគមជាសមាជិកចំនួន ៦៥ប្រទេស្មើនឹងជាង ២ម៉ឺននាក់ចូលរួម ។

លោកបណ្ឌិត គីម ហ៊ាង ប្រធានសមាគម CVEA បានថ្លែងក្នុងមុនឡើងយន្តហោះកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨នៅអាកាសយន្តដ្ឋានអន្តរជាតិភ្នំពេញឱ្យដឹងថា បេសកកម្មនេះមានរយៈពេល ២សប្ដាហ៍ ក្រោមការដឹកនាំរបស់លោកឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលសមាគម និងលោកឧកញ៉ា គុយ វ៉ាត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម និងសមាជិករបស់សមាគម ដើម្បីសិក្សាស្វែងយល់ពីបច្ចេកវិទ្យាថ្មីៗ ពាក់ព័ន្ធនឹងការធ្វើអាជីវកម្មលើវិស័យដីធ្លី តាមរយៈការផ្លាស់ប្ដូរបទពិសោធន៍ជាមួយបណ្ដាប្រទេសជាសមាជិករបស់ NAR ។

លោកបាននិយាយថា “ជាទូទៅកិច្ចប្រជុំនេះ គឺនិយាយអំពីអនាគតកាល នៃការរកស៊ីវិស័យដីធ្លីលើពិភពលោក ចឹងវាគឺជាឱកាសដ៏ល្អ ដែលអ្នករកស៊ីដីធ្លីលើពិភពលោកជួបជុំគ្នា ដើម្បីរៀនសូត្រពីគ្នាទៅវិញទៅមក ។ គម្រោងសំខាន់របស់យើងលើកនេះ គឺយើងចូលរួមកម្មវិធីមួយ ពោរពេញដោយការតាំងពីព័រណ៌ ការបណ្ដុះបណ្ដាល និងទំនាក់ទំនងជាសាកល ដើម្បីរៀនសូត្របន្ថែមពីស្ដង់ដារក្នុងការធ្វើអាជីវកម្មដីធី ក៏ដូចជាពង្រីកទីផ្សារដីធ្លីកម្ពុជាកាន់តែធំទូលាយលើពិភពលោកផងដែរ” ។

ជាមួយគ្នានោះ លោកឧកញ៉ា ចេង ខេង បានបញ្ជាក់ផងដែរថា ការរៀន គឺមិនចេះចប់នោះទេ ដូច្នេះវាគឺជាឱកាសដ៏ល្អ ដើម្បីរៀនសូត្រពីបច្ចេកវិទ្យារកស៊ីដីធ្លីពីកិច្ចប្រជុំខាងលើ ។ ការទិញដូរដីធ្លី មិនមែនជារឿងសាមញ្ញនោះទេ វាមានរឿងជាច្រើន ធ្វើឲ្យមនុស្សក្លាយជាសេដ្ឋីក្នុងវិស័យដីធ្លី ។ ពេលយើងទៅអាមេរិករាល់លើក យើងបានចំណេះដឹងថ្មីៗជាច្រើន ពិសេសពាក់ព័ន្ធនឹងបច្ចេកវិទ្យាក្នុងការទិញដូរ ធ្វើម៉េចថ្ងៃក្រោយឲ្យការទិញដូរដីធ្លីស្ថិតក្នុងបាតដៃរបស់យើង មានន័យថា ការទិញដូដីធ្លី ២៥ខេត្តក្រុង មិនពិបាកដូចមុនឡើយ» ។

សូមបញ្ជាក់ថា នេះគឺជាលើកទី៣ ហើយ ដែលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគមជាតិអចលនទ្រព្យសហរដ្ឋអាមេរិក បន្ទាប់ពីក្លាយជាសមាជិករបស់សមាគមដីធ្លីលំដាប់ពិភពលោក បើគិតចាប់ពីឆ្នាំ២០១៦ ។ តាមរយៈការចូលរួមនេះ ក្រៅពីទទួលបានចំណេះដឹងថ្មី ពាក់ព័ន្ធនឹងការរកស៊ីដីធ្លី កម្ពុជាក៏បាននាំមកជាមួយនូវក្រុមហ៊ុនអចលនទ្រព្យដ៏ល្បីរបស់អាមេរិក Keller Williams Realty (KW) យកមកប្រទេសកម្ពុជា ដែលគ្រោងសម្ពោធផ្លូវការ នាចុងឆ្នាំ២០១៨ ខាងមុខនេះផងដែរ ៕