Home សេដ្ឋកិច្ច ខ្មែរធ្វើបានហ...

ខ្មែរធ្វើបានហើយ! ល្ខោនខោល​ របស់​កម្ពុជា ត្រូវបានទទួលស្គាល់ និង​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការ​យូណេស្កូ​ផ្លូវការ​ហើយ

ភ្នំពេញ ៖ នៅប្រជុំ​លើក​ទី​១៣ ​នៃ​គណៈកម្មាធិការ​អន្តរ រដ្ឋាភិបាល ​សម្រាប់​ការថែរក្សា​បេតិកភណ្ឌ​វប្បធម៌ ​អរូបី ​នៅ ​មជ្ឈមណ្ឌល Swami Vivekananda International Convention Centre (SVICC) ក្រុង Port Loiuis ប្រទេស​ម៉ូ​រី​ស នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា​ ល្ខោនខោល​ របស់​កម្ពុជា ត្រូវបានទទួលស្គាល់ និង​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការ​យូណេស្កូ​ផ្លូវការ​ហើយ​។

កម្ពុជា បាន​ស្នើសុំ​ចុះបញ្ជី​ល្ខោនខោល​វត្ត​ស្វាយ​អណ្តែត កាលពី​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៧​។ ប្រតិភូ​កម្ពុជា ដែល​បាន​ចូលរួម​ក្នុងសម័យ​ប្រជុំ​លើក​ទី​១៣​នៃ​គណៈកម្មាធិការ​អន្តររដ្ឋាភិបាល​សម្រាប់​ការថែរក្សា​បេតិកភណ្ឌ​វប្បធម៌​អរូបី មាន​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោក កេ​ត សាផាន់ អនុរដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោកស្រី Helen Jarvis និង​លោក Teruo Jinnai ដែលជា​ទីប្រឹក្សា​រដ្ឋាភិបាល មន្ត្រី​ជំនាញ និង​តំណាង​កម្ពុជា​ប្រចាំ​យូណេស្កូ ៥​រូប​ទៀត។

ល្ខោន​ដ៏​ចំណាស់​របស់​ខ្មែរ​មួយ​នេះ ស្ថិតក្នុង​ចំណោម​បញ្ជី​បេតិកភណ្ឌ​អរូបី​ដែល​ត្រូវការ​សង្គ្រោះបន្ទាន់ (Urgent Safeguarding List)​ដូច​បេតិកភណ្ឌ​ផ្សេងទៀត​ពី​អាល់​ហ្សេ​រី អា​សែ​បៃ​ហ្ស​ង់ អេ​ហ្ស៊ី​ប កេ​ន​យ៉ា ប៉ា​គី​ស្ថាន និង​ស៊ី​រី​។​

​យោងតាម​សៀវភៅ «​បញ្ជីសារពើភ័ណ្ឌ​បេតិកភណ្ឌ​វប្បធម៌​អរូបី​​កម្ពុជា​» (Inventory of Intangible Cutural Heritage of Cambodia) ល្ខោនខោល បាន​វិ​វ​ឌ្ឍ​ចេញពី​ល្ខោន​ព្រះរាជ​ទ្រ​ព​ទៅជា​ល្ខោន​ដែល​សំដែង​ដោយ​មនុស្ស​ប្រុស​សុទ្ធ​។​

សូមបញ្ជាក់ផងដែរថា ល្ខោនខោល ឬ ល្ខោនពាក់របាំងមុខ គឺជាល្ខោនមួយ ដែលមានលក្ខណៈចំណាស់របស់កម្ពុជា មានដើមកំណើតនៃការ សម្តែងមុនសម័យអង្គរ។ វាត្រូវបានគេជឿជាក់ថាបានចាប់ផ្តើមក្នុងអំឡុងប្រហែលសតវត្សទី៩ តាមរយៈចម្លាក់លឹប នៅតាមជញ្ជាំងអង្គរ។ ក្នុងសម័យអង្គរ ល្ខោនខោលត្រូវបានអភិវឌ្ឍដោយបុរសទាំងស្រុង ក្នុងការរាំប្រចាំ នៅព្រះរាជវាំងបុរាណខ្មែរ។ ហេតុផលដែលពិតប្រាកដនៅតែ មិនទាន់ដឹងច្បាស់ ប៉ុន្តែអ្នកស្រាវជ្រាវបានបង្ហាញថា ដោយសារការដុះដាលនៃសាសនាធ្វើឲ្យ សាសនាព្រាហ្មណ៍ មានជម្លោះជាមួយសាសនាព្រះពុទ្ធ ក្នុងរាជកាលព្រះបាទជ័យវរ្ម័នទី៧(១២៤៣- ១២៩៥)។ ក្នុងនោះមាននារីរបាំជាច្រើនត្រូវបានសម្លាប់ និងធ្វើជាស្រីកំណាន់ ដូច្នេះទើបមាន ការហ្វឹកហាត់អ្នករបាំបុរស ដើម្បីបង្កើតរបាំនេះផ្អែកទៅលើលិទ្ឋអ្នកកាន់សាសនាព្រះពុទ្ធ។

រឿងមួយទៀត ដែលជាក់លាក់អំពីការសម្ដែងដោយល្ខោនខោលគឺ រឿងរាមកេរ្តិ៍ ដែលជារឿងព្រេងរបស់ខ្មែរ សម័យរាមាយណៈ។ ការសម្ដែង រួមបញ្ចូលនូវការប្រាប់អំពីអ្នកនិទានរឿង ដែលដើរតួ សំខាន់ក្នុងការសម្ដែង និងវង់ភ្លេងបុរាណគឺ វង់ភ្លេងពិណពាទ្យ។ ល្ខោនគឺមានប្រជាប្រិយភាព ក្នុងសម័យលន់នល់ និងពេលបន្ទាប់មកក៍ក្លាយជាមហេសីសំណព្វរបស់ស្តេច សីហនុ។ ពេលនោះមាន៨ក្រុមល្ខោនដែលមានជំនាញ ហើយបន្ទាប់មកត្រូវបែកខ្ញែកដោយសារសង្គ្រាម តែនៅពេលបច្ចុប្បន្ននេះនៅសល់តែមួយក្រុមគឺនៅ វត្តស្វាយអណ្ដែត ចំងាយ ១៥គីឡូម៉ែត ពីទីក្រុងភ្នំពេញ។ ក្រុមថ្មីពីរ ទៀតបានចាប់ផ្តើមក្នុងសង្គ្រាមរួមមានក្រុមកំពង់ធំ និងក្រុមល្ខោនជាតិ ដែលមកពីមន្ទីរវិចិត្រសិល្បៈ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ហើយបច្ចុប្បន្ននេះ ល្ខោន ខោល ក៏ជាផ្នែកមួយនៅក្នុងតារាងកាលវិភាគសិក្សានៅសកលវិទ្យាល័យវិចិត្រសិល្បៈផងដែរ៕​