Home Drama Feelings ជូនពិសេសចំពោះមិត្តសម្លាញ់ដែលខ្ញុំលួចស្រលាញ់៖ សុំទោសដែលឈប់ស្រលាញ់អ្នកមិនបាន

ជូនពិសេសចំពោះមិត្តសម្លាញ់ដែលខ្ញុំលួចស្រលាញ់៖ សុំទោសដែលឈប់ស្រលាញ់អ្នកមិនបាន

SHARE
Bag,14

សួស្តីបង ដ្រាម៉ា! និងប្រិយមិត្តទាំងអស់គ្នា ជាពិសេស នារីម្នាក់ ដែលខ្ញុំធ្វើឲ្យយំ ធ្វើឲ្យខូចចិត្ត

Loading...

សុំទោសណា… ដែលថ្ងៃមុនធ្វើឲ្យយំ ធ្វើឲ្យខូចចិត្ត ធ្វើឲ្យខឹង សុំទោសដែលធ្វើជាមនុស្សអាក្រក់ មនុស្សក្បត់ពាក្យសន្យា… អូ! មិនមែនត្រឹមតែថ្ងៃមុនទេ គឺ៣ខែហើយ ដែលខ្ញុំជ្រើសរើសធ្វើជាមនុស្សអាក្រក់ដាក់យើង ចេញពីយើង ឈប់រវល់ជាមួយយើង។ ៣ខែហ្នឹង ប្រហែលជា៣ខែដែលជាការចងចាំដ៏អាក្រក់បំផុតក្នុងជីវិតរបស់ខ្ញុំហើយមើលទៅ… ៣ខែដែលជីវិតខ្ញុំអត់មានយើងនៅក្បែរ។

ខ្ញុំដឹង… ខ្ញុំដឹងគ្រប់យ៉ាង… ថាយើងយំ យើងខូចចិត្ត ខឹងនឹងខ្ញុំ ដែលធ្វើបែបហ្នឹង… មិត្តភក្តិយើងគេប្រាប់ខ្ញុំរហូត ហើយជេរស្តីរហូតទៀតផង ដែលខ្ញុំធ្វើបែបហ្នឹង។ គេប្រាប់ខ្ញុំថា ឲ្យធ្វើធម្មតាទៅ ហេតុអីចាំបាច់ធ្វើដល់ថ្នាក់ហ្នឹង? គ្រាន់តែយើងមានសង្សារហ្នឹង ហេតុអីខ្ញុំត្រូវចេញពីយើង? បន្តធ្វើមិត្តភក្តិដែលខ្វះគ្នាមិនបានដូចមុនទៀតទៅ ម៉េចមិនបាន? មិត្តភក្តិនៅជាមួយគ្នារាប់ឆ្នាំហើយ ម៉េចបានដាច់ចិត្តម៉េះ!

ប៉ុន្តែ… គេអត់យល់…

គេអត់ធ្លាប់ជួប គេមិនមែនខ្ញុំ… គេមិនធ្លាប់ស្រលាញ់មិត្តសម្លាញ់ខ្លួនឯងដូចជាខ្ញុំ…

ខែដំបូងដែលយើងមានសង្សារហ្នឹង ខ្ញុំខំអស់ពីលទ្ថភាពហើយ ព្យាយាមណាស់ ធ្វើធម្មតាៗ ហើយនៅក្បែរយើងគ្រប់ពេល ដូចដែលធ្លាប់បានសន្យា។ តែយូរៗទៅ វាកាន់តែពិបាកទៅពិបាកទៅ ពេលឃើញកន្លែងដែលខ្ញុំធ្លាប់តែអង្គុយ បែរក្លាយជារបស់គេ ដៃខ្ញុំធ្លាប់កាន់ ត្រូវបានគេកាន់ យូរទៅ អារបួសបេះដូងនឹងវាជ្រៅទៅៗ ហើយអារម្មណ៍ប្រចណ្ឌកាន់តែកើនឡើង ស្ទើរទ្រាំលែងបានម្តងៗ។

ដឹងអត់? សម្លេងដែលខ្ញុំព្យាយាមប្រកែកជាមួយរាល់ថ្ងៃ វាធ្វើឲ្យខ្ញុំហត់ដល់ថ្នាក់ណា? ឈឺដល់ថ្នាក់ណា? គ្រប់ពេល ខ្ញុំប្រៀបធៀបខ្លួនឯងជាមួយគេរហូត។

ពេលដែលគេអត់ដឹងនាំយើងទៅញាុំអី ខ្ញុំស្រែកក្នុងចិត្តថា ខ្ញុំដឹង!

ពេលដែលគេហៅយើងទៅមើលកុនរឿងស្នេហា ខ្ញុំស្រែកក្នុងចិត្តថា នាងចូលចិត្តមើលរឿងខ្មោចទេវុើយ!

ពេលដែលគេទិញកាបូបស្ពាយពណ៍សឲ្យយើង ខ្ញុំស្រែកក្នុងចិត្តថា នាងស្រលាញ់ពណ៍ខៀវទេ! ហើយកាបូបហ្នឹងវាធំពេកហើយ! នាងចូលចិត្តអាតូចល្មម

គ្រប់ពេល! គ្រប់រឿង! បេះដូងខ្ញុំវាស្រែកឡើងហត់ទៅហើយ ហត់ស្ទើរឈប់ដើរទៅហើយ… តែវាធ្លាក់បែកខ្ចេចរហូត គ្រប់ពេលដែលយើងទទួលយកគ្រប់យ៉ាងដែលគេធ្វើឲ្យ តាមគេគ្រប់រឿងដែលគេចង់ធ្វើ ទាំងមិនប្រកែកសោះ បើខ្ញុំវិញ យើងប្រហែលជាជេរងាប់ហើយ ថាម៉េចបានខ្ញុំអត់ដឹង អត់យល់ចិត្ត ថាខ្ញុំល្ងង់អីចឹង។ ខ្ញុំប្រាប់ខ្លួនឯង យើងប្រាកដជាស្រលាញ់គេខ្លាំងណាស់ហើយ បានជាព្រមសម្របតាមគេដល់ថ្នាក់ហ្នឹង។

ស្ងាត់ៗ… ខ្ញុំក៏សម្រេចចិត្តដើរចេញ មិនមែនដោយសារឈប់ស្រលាញ់ មិនមែនមិនចង់នៅក្បែរទេ… តែខ្ញុំនៅទៀតលែងបាន… បេះដូងនេះវាឈឺពេកហើយ ទ្រាំយូរពេកហើយ ទឹកភ្នែកស្ទើរតែស្រក់ចុះមកម្តងៗហើយ… ល្មមហើយ…

ខ្ញុំគិតថាខ្ញុំជ្រើសរើសត្រូវហើយ! យើងមានសង្សារដែលចាំមើលថែរហើយ យើងលែងត្រូវការខ្ញុំហើយ គិតថាខ្ញុំអស់តួនាទីហើយ។ ទោះជាឥលូវហ្នឹង យើងនៅយំនឹកមិត្តភក្តិម្នាក់ហ្នឹង តែតិចទៀតទៅលែងអីហើយ។

យើងគ្រាន់តែមិនទាន់ទម្លាប់ ដែលរស់នៅគ្មានខ្ញុំប៉ុណ្ណោះ ពេលគេយល់ពីយើងជាងនេះ យើងនឹងភ្លេចខ្ញុំហើយ។

សុំទោសណា… បើខ្ញុំមិនភ្លេចខ្លួនលង់ស្រលាញ់យើង… មិត្តភាពរវាងយើងពីរនាក់ក៏មិនត្រូវបញ្ចប់ទៅចឹងដែរ។​

Comments

comments